រដ្ឋបាលខេត្តកណ្តាល និងធនាគារជាតិនៃកម្ពុជា ជំរុញការប្រើប្រាស់ប្រាក់រៀល និងប្រើការទូទាត់តាមប្រព័ន្ធបាគង និងKHQR ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការទូទាត់ទំនើបឌីជីថល

រដ្ឋបាលខេត្តកណ្តាល និងធនាគារជាតិនៃកម្ពុជា ជំរុញការប្រើប្រាស់ប្រាក់រៀល និងប្រើការទូទាត់តាមប្រព័ន្ធបាគង និងKHQR ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការទូទាត់ទំនើបឌីជីថល
ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងឯកឧត្តម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR)» នៅបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីតាមមន្ទីរ អង្គភាព និងសិស្សានុសិស្សជាច្រើនរូប។
ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ប៊ុន ផេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធនាគារជាតិនៃកម្ពុជា និងថ្លែងអំណរគុណចំពោះការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីប្រវត្តិ តួនាទី និងសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានយល់ដឹងកាន់តែច្បាស់។ ឯកឧត្តម ប៊ុន ផេង បានលើកឡើងថា ខេត្តកណ្តាលជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ ព្រមទាំងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាតិធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោ និងព្រែកជីកហ្វូណនតេជោ ការរីកចម្រើនទាំងនេះបានបង្កើនសកម្មភាពសេដ្ឋកិច្ច និងតម្រូវការប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងខេត្តកាន់តែច្រើនឡើង។
ពាក់ព័ន្ធនឹងការប្រើប្រាស់រូបិយវត្ថុជាតិ ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ប្រាក់រៀលមានតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេស លទ្ធផលសិក្សារួមរវាងធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ បានបង្ហាញថា ការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលប្រមាណ ៨៨% ធ្វើឡើងជាប្រាក់រៀល។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ក្រុមហ៊ុន និងសហគ្រាសទាំងអស់ បន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ព្រមទាំងគាំទ្រការទូទាត់តាមប្រព័ន្ធបាគង និង KHQR ដែលជាមធ្យោបាយទូទាត់ទំនើប ងាយស្រួល និងរួមចំណែកជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ថ្លែងក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងប្រវត្តិ និងការវិវត្តនៃប្រាក់រៀល ចាប់តាំងពីការបោះពុម្ព ការដាក់ឱ្យប្រើប្រាស់ រហូតដល់ការអភិវឌ្ឍរូបរាង ទំហំ និងបច្ចេកវិទ្យាសុវត្ថិភាពលើក្រដាសប្រាក់រៀលជាបន្តបន្ទាប់។ ឯកឧត្តម យឹម លាត បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីលក្ខណៈសម្គាល់រវាងក្រដាសប្រាក់រៀលពិត និងក្រដាសប្រាក់រៀលក្លែងក្លាយ ដោយត្រូវយកចិត្តទុកដាក់ ពិនិត្យលើសញ្ញាសម្គាល់សុវត្ថិភាពដែលមាននៅលើក្រដាសប្រាក់ ដូចជា៖ ក្រដាសសុវត្ថិភាព សញ្ញាសម្គាល់ផ្សេងៗ ខ្សែសុវត្ថិភាព និងលក្ខណៈពិសេសជាច្រើនទៀត ដែលអាចពិនិត្យតាមរយៈការមើល ការប៉ះ និងការផ្អៀងក្រដាសប្រាក់ ការយល់ដឹងនេះមានសារៈសំខាន់ក្នុងការជួយប្រជាពលរដ្ឋការពារខ្លួនពីការចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយ និងចូលរួមថែរក្សាទំនុកចិត្តលើរូបិយវត្ថុជាតិ។
បន្ថែមពីលើនេះ ឯកឧត្តមទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ប្រាក់រៀល ដែលជួយគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក រក្សាអត្តសញ្ញាណជាតិ និងជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល តាមរយៈប្រព័ន្ធបាគង និង KHQR ដែលអាចជួយសម្រួលដល់ការទូទាត់ប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល សុវត្ថិភាព និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ដោយផ្ទាល់។
ជាងនេះទៀតនោះ ឯកឧត្តមទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ក៏បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័នឯកជនទាំងអស់ សូមពិចារណាចូលរួមបើកប្រាក់បៀវត្សជូនបុគ្គលិក និងកម្មករនិយោជិត ជាប្រាក់រៀលឱ្យបានកាន់តែច្រើនឡើង ដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយក្នុងសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ ព្រមទាំងបង្កើនចំណេះដឹង និងទម្លាប់ប្រើប្រាស់ប្រាក់រៀលក្នុងសង្គម។