គេហទំព័រ​ អេសឌីអេសខេ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបើក «ភូមិហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ
ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបើក «ភូមិហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ភូមិហ្វ្រង់កូហ្វូនី» ដែលរៀបចំឡើងនៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ដោយមានការចូលរួមពីបណ្ដាប្រទេស និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី តាមរយៈការរៀបចំស្តង់ពិព័រណ៍ សន្និសីទ ការសម្តែងសិល្បៈ ការតាំងបង្ហាញវប្បធម៌ និងការបង្ហាញម្ហូបអាហារប្រពៃណីជាតិ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកតម្កើងភាពសម្បូរបែបនៃភាសា វប្បធម៌ និងសិល្បៈរបស់សហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ និងការរឹតចំណងមិត្តភាពរវាងប្រទេសជាសមាជិក។

ជាមួយគ្នានេះ «ភូមិហ្វ្រង់កូហ្វូនី» ក៏ជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយ ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ជាពិសេស ព្រឹត្តិការណ៍នេះបើកចំហជូនសាធារណជនចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ ដើម្បីទទួលបានបទពិសោធន៍ស្វែងយល់ពីអរិយធម៌ វប្បធម៌ និងប្រពៃណីចម្រុះរបស់បណ្ដាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

Loading