កំពង់ស្ពឺ៖ដោយអនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ព្រមទាំងមានអញ្ជើញចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចូលជួបសំណេះសំណាល សួរសុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅគេហដ្ឋាន ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នាឱកាសនៃការចុះសុខទុក្ខផ្ទាល់ពេលនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយក្រុមការងារបានមានមតិសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល រីករាយជាទីបំផុត ដោយបានបង្ហាញពីការយកចិត្តទុកដាក់ព្រួយបារម្ភចំពោះសុខទុក្ខ។ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកមេបញ្ជាការ ក៏បាននាំយកនូវកន្ត្រកផ្កាជាវត្ថុអនុស្សាវរីយ៍ ដែលជាទឹកចិត្តសាមគ្គីភាពនិងការគោរពស្រឡាញ់ ជូនដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវផងដែរ។
ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយក្រុមការងារអាវុធហត្ថ ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តរស់នៅជាម្លប់ដ៏ត្រជាក់ត្រជុំជានិច្ចនិរន្តរ៍៕

