កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ក្រោយទទួលបានការរាយការណ៍សុំកិច្ចអន្តរាគមន៍ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ Hotline 1292 ដែលបម្រើសេវា២៤ម៉ោងលើ២៤ម៉ោង។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង១៧:៤៨នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ Hotline 1292 បានទទួលការហៅចូលពីប្រជាពលរដ្ឋ ដើម្បីសុំកិច្ចអន្តរាគមន៍ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ នៅស្រុកថ្ពង។ ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី រ៉ាស៊ី មេបញ្ជាការស្តីទី បានចុះទៅដល់ទីតាំងកើតហេតុ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។
លុះដល់វេលាម៉ោង៩:២៥នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ទែន គីមអេង ភេទប្រុស អាយុ២៩ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះឈ្មោះ អឿ សុភាព ភេទស្រី អាយុ៥៧ឆ្នាំ នៅចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់ ជនសង្ស័យត្រូវបានចោទប្រកាន់ថា បានប្រើកាំបិតផ្គាក់គំរាមកំហែងសម្លាប់ម្តាយបង្កើតរបស់ខ្លួន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន កាំបិតផ្គាក់ចំនួន១ដើម និងទូរស័ព្ទ iPhone ចំនួន១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

