ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់បន្តទៅមុខទៀត នៅវត្តទស្សិណគីរី ហៅវត្តសំឡាញ ស្ថិតក្នុងភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទែន សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យុង គឹមហ៊ាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឈឿន មុនី ឯកឧត្តម រស់ ហេង និងឯកឧត្តម ប៊ុន ផៃ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ មេភូមិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់។
ការរៀបចំវេទិកានេះមានគោលបំណងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមបញ្ចេញមតិ លើកឡើងនូវសំណូមពរ បញ្ហាប្រឈម និងកង្វល់នានា ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពិនិត្យ និងស្វែងរកដំណោះស្រាយសមស្រប សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ វេទិកាក៏ជាឱកាសសម្រាប់ការពិភាក្សា និងកំណត់ទិសដៅការងារបន្ត ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ។

