ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្ត្រទូទាំងខេត្តកណ្តាល សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរគ្រប់ប្រការ និងសូមលើកហត្ថទាំងទ្វេប្រណមវន្ទាឧទ្ទិសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មី ព្រះនាម “រាក្យសាទេវី” ដួងព្រះបារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយអភិបាលគ្រងរក្សា និងប្រោសប្រទានព្រះរាជសព្ទសាធុការពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទទួលការព្យាបាលវះកាត់ដោយជោគជ័យ និងសូមព្រះអង្គទ្រង់ឆាប់បានជាសះស្បើយពីព្រះរោគ ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ បានជ្រកកោនត្រជាក់ ត្រជំ សុខដុមរមនាជាភិយ្យោភាពរៀងដរាបយូរអង្វែងតទៅ។


