ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលរថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង ពីឯកឧត្តមបណ្ឌិត ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា និងបានប្រគល់ជូន លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លៃអំណរគុណដល់ឯកឧត្តមបណ្ឌិត ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ដែលបានផ្ដល់រថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង សម្រាប់ជួយសម្រួលក្នុងករណីមានរថយន្តធុនធ្ងន់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ខូចកណ្ដាលផ្លូវ ឬចតចោលគ្មានសណ្ដាប់ធ្នាប់ ដែលបណ្ដាលឱ្យកកស្ទះចរាចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពិសេសតំបន់ផ្លូវសំខាន់ៗដូចជា មហាវិថីស៊ីជិនពីង មហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ ឆ្ពោះទៅព្រលានយន្តហោះថ្មី និងផ្លូវសំខាន់ផ្សេងៗទៀត ដែលកុំជាចរន្តសេដ្ឋកិច្ច ក្នុងលំហូរពាណិជ្ជកម្ម និងការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ។
លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល បានឱ្យដឹងថា៖ ក្នុងករណីមានរថយន្តប្រភេទ កុងតឺន័រ រថយន្តទេសចរណ៍ធុនធំ រថយន្តដឹកទំនិញ យន្តដឹកដី ដឹកថ្ម។ល។ ខូច ឬជួបគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ រថយន្តស្ទូច និងសណ្ដោង ទាំងពីរគ្រឿងនេះអាច ស្ទូច និងសណ្ដោងយកចេញបាន ពីព្រោះរថយន្ត ស្ទូច និងសណ្ដោងទាំង២គ្រឿងនេះ មានសមត្ថភាព៖ រថយន្តទី១ ស្ទូច សណ្ដោងចាប់ពីរថយន្តធុនតូច រហូតដល់រថយន្តមានទម្ងន់ត្រឹម ១៣តោន និងរថយន្តទី២ មានសមត្ថភាព ស្ទូច សណ្ដោង ចាប់ពីរថយន្តធុនមានទម្ងន់១៣តោន រហូតដល់រថយន្តមានទម្ងន់ ៣០តោន។

