
“លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អាយ.ស៊ី.អរ.ស៊ី ដែលបានអញ្ជើញចុះសួរសុខទុក្ខជាលើកទី២ ជាមួយយុទ្ធជនកម្ពុជាចំនួន ១៨រូប ដែលត្រូវបានថៃបានចាប់យក និងដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអរគុណចំពោះការនាំយកសារលិខិតរបស់គ្រួសារយុទ្ធជនតាមរយៈកាកបាទក្រហមកម្ពុជា យកទៅជូនដល់ដៃយុទ្ធជនយើងទាំង១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ហើយបានយកត្រលប់មកវិញជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីយកជូនដល់គ្រួសារយុទ្ធជនវិញ។
នេះជាដំណឹងដ៏មានតម្លៃមហាសាលសម្រាប់ក្រុមគ្រួសារយុទ្ធជន រាជរដ្ឋាភិបាល និងសម្រាប់ប្រជាជនកម្ពុជា ដែលតែងតែទន្ទឹមរង់ចាំដំណឹងពិតប្រាកដរបស់យុទ្ធជនយើង។
លោកប្រធានប្រតិភូបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងលើការងារយុទ្ធជនដែលកំពុងស្ថិតនៅក្នុងការឃុំគ្រងរបស់យោធាថៃ ឱ្យមានការដោះលែងមកកម្ពុជាវិញ តាមរយៈការលើកយកនូវអនុសញ្ញាទីក្រុងហ្សឺណែវ។ លើសពីនោះលោកបានបញ្ជាក់ថា តាមការចុះទៅសួរសុខទុក្ខ និងប្រគល់សំបុត្ររបស់គ្រួសារយុទ្ធជន ជូនដល់យុទ្ធជនទាំង១៨នាក់ ទាំង២លើកមកនេះ គឺសម្គាល់ឃើញថាស្ថានភាពសុខភាពរបស់គាត់ទាំងអស់គ្នា គឺមានសុខភាពល្អ”។
ជំនួបរវាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងលោក Mr. Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ប្រចាំភូមិភាគ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥


