ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថទាំងអស់ បានសូមគោរពផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសពិធីចម្រើនអាយុវឌ្ឍនមង្គល គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ។
ក្នុងសារលិខិតជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថទាំងអស់ បានសម្តែងនូវសេចក្តីគោរព និងជូនពរដ៏ស្មោះស្ម័គ្រចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងក្រុមគ្រួសារ សូមជួបប្រទះនូវសិរីសួស្តី ជ័យមង្គល វិបុលសុខ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច។
ជាមួយគ្នានេះ ក៏បានបួងសួងសូមឱ្យ ឯកឧត្តម និងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

