កំពង់ចាម៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងគោលបំណងពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងមានការទទួលខុសត្រូវ ព្រមទាំងចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
ក្នុងឱកាសនេះ អ្នកចូលរួមបានពិភាក្សា និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយវិជ្ជាជីវៈ និងការជៀសវាងការចែករំលែកព័ត៌មានដែលមិនទាន់បានបញ្ជាក់ច្បាស់លាស់។
ពិធីនេះក៏បានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងរួមគ្នាអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីរួមចំណែកបង្កើតបរិយាកាសព័ត៌មានដែលមានគុណភាព ជឿទុកចិត្តបាន និងមានប្រយោជន៍សម្រាប់សង្គម។

