ក្នុងស្មារតីមនុស្សធម៌ ជួយគ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ តែងតែបរិច្ចាគនូវថវិការផ្ទាល់ខ្លួនក្នុងការចូលរួមយ៉ាងសកម្មចំពោះការងារមនុស្សធម៍ ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពទីទាល់ក្រ ជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅនិងមានបញ្ហាផ្សេងៗក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាពិសេសលោកតែងតែគិតគួរនិងយកចិត្តទុកដាក់បំផុត ដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថគ្រប់រូប ដែលមានបញ្ហាសុខភាពដូចជាឈឺថ្កាត់ និងជួបបញ្ហាផ្សេងៗ លោកតែងតែចុះសួរសុខទុក្ខដោយផ្ទាល់ដើម្បីឲ្យយល់ច្បាស់ពីស្ថានភាពជាក់ស្តែង ដោយបានឧបត្ថម្ភជាថវិការ ព្រមទាំងបានផ្តល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគផ្សេងៗផងដែរ។
ជាក់ស្ដែងនាពេលនេះ បន្ទាប់ពីទទួលបាននូវព័ត៏មានពីក្រុមការងារនូវស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារកំពុងជួបការលំបាកមានជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរត្រូវការឈាមជាបន្ទាន់ អ្នកជំងឺមានឈ្មោះ ឃួន សារី ភេទស្រី អាយុ២៤ឆ្នាំ និងប្តីឈ្មោះ គួង ឡុងឌី អាយុ ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិព្រៃស្លា សង្កាត់កាកាប២ ខណ្ឌ័ពោធ៏សែនជយ័ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិធ្នុង ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ជាអកុសលប្អូនស្រី ឃួន សារី មានជំងឺរលាកលំពែងធ្ងន់ធ្ងរ មានជាតិពុលលើសកំរឹត មហារីកគ្រាប់ឈាម ត្រូវការឈាមសង្រ្គោះជីវិតជារៀងរហូត ហើយពេលនេះកំពុងសម្រាក់ព្យាបាលជំងឺថែរទាំសុខភាព នៅអគារសង្រ្គោះបន្ទាន់កណ្តាល នៃមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ដោយក្តីអាណិតអាសូរពន់ពេក ក្នុងស្នារតីមនុស្សធម៏ ទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ បានចាត់ឲ្យលោកអនុសេនីយ៏ឯក ស្រេង លីហួរ ជាបន្ទាន់ឲ្យធ្វើការទំនាក់ទំនងទៅកាន់គ្រួសារ លោក គួង ឡុងឌី ដែលកំពុងតែត្រូវការឈាមជាបន្ទាន់ ដោយសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយទទួលបានឈាមចំនួនបីសក្តិ ក្នុងការបញ្ចូលឈាមដល់ ប្អូនស្រី ឃួន សារី ដើម្បីជួយសង្គ្រោះដល់អាយុជីវិត។
សូមបញ្ជាក់ផងដែរថា ដោយសារតែជំងឺមានសភាពធ្ងន់ធ្ងរនិងត្រូវការឈាមសង្រ្គោះជីវិតជារៀងរហូត ដើម្បីសង្គ្រោះអាយុជីវិតប្អូនស្រី ឃួន សារី ដូច្នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ឲ្យក្រុមការងារ សម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បន្តផ្តល់អោយបន្ថែមទៀតទៅតាមតម្រូវការចំបាច់ ក្នុងការលាងឈាមដើម្បីបន្តជីវិត។

